ប៉េង ប៉ោង ! ទោះប៉ាស្ដាប់ទៅក៏ពួកយើងនៅតែគិត

0

ទោះបីជាលោកវីតាមីនសេ បានទទួលមរណៈភាពអស់រយពេលជិតមួយខែទៅហើយ​ប៉ុន្ដែក្រុមគ្រួសារហាក់ពុំទាន់បានកាត់ចិត្ដធូស្បើយក្នុងអារម្មណ៍នៅឡើយ។ ទើបកាលពីថ្ងៃព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ មុននេះ តារាកំប្លែងល្បីឈ្មោះអ្នកនាង ប៉េងប៉ោង និងក្រុមគ្រួសារបានសម្រេចធ្វើពិធីក្រុងពាលីសាងសង់​​​ចេតីយដែលជាផ្ទះថ្មីអោយ​លោកនាយ វីតាមីនសេ ​​​​​​នៅវត្តដែលជាទីបូជាសពរបស់លោក​ក្នុងពេល​​ទទួលមរណភាព​​​ ស្ថិតនៅម្ដុំទឹកថ្លា។

​អ្នកនាង ប៉េងប៉ោង បានប្រាប់ថាមូលហេតុដែលគ្រួសារសម្រេចចិត្ដសង់ចេតីយសម្រាប់ឪពុកនោះទីតាំងនោះ ព្រោះមិនចង់ធ្វើផ្ទះថ្មីអោយលោករស់នៅឆ្ងាយ ហើយពិបាកឡើងចុះទៅធ្វើបុណ្យ។ ម្យ៉ាងដោយសារតែការនឹករលឹកទើបធ្វើអោយឪពុកពេក ទើបសម្រេចធ្វើបែបនេះដើម្បីអោយបានស្ងប់ចិត្ដនិងប្រាកដថាឪពុកអាចមានកន្លែងនៅល្អ ស្ងប់ស្ងាត់។នាងបញ្ជាក់ថា៖«ទោះបីជាប៉ាគាត់ស្លាប់មែន តែខ្ញុំនៅតែនឹកនាគាត់គ្មានថ្ងៃបំភ្លេចទេ យើងសង់ចេតីយសម្រាប់គាត់នេះគឺចង់អោយគាត់ស្ងប់ចិត្ដ​ម្យ៉ាងអោយយើងជាកូនចៅក៏សប្បាយចិត្ដដែលអាចបំពេញកាតព្វសម្រាប់គាត់ជាលើកចុងក្រោយបានល្អ»។

គម្រោងសង់ចេតិយមួយនេះ ត្រូវបានប្រកាសថាអស់ទឹកប្រាក់​ប្រមាណជាង២ម៉ឺនដុល្លារ ដោយថ្លៃសាងសង់អស់ប្រមាណជាង១៨០០០ពាន់ និង​សរុបទាំង​ដី និង​​​ការចំណាយ​ផ្សេងទៀតៗ គឺប្រមាណជាង​​២៤០០០ដុល្លារទម្រាំ​រួចរាល់។អ្នកនាងប៉េងប៉ោង និយាយថា អ្នកនាងសម្រេចចិត្តធ្វើផ្ទះថ្មី   អោយលោកឪពុក នៅក្នុងវត្តនោះគឺដោយសារតែមុនពេលទទួលមរណភាព លោកនាយវីតាមីនសេ ចូលចិត្តមកធ្វើបុណ្យនៅវត្តនោះ ហើយលោកក៏មានវេណកាន់បិណ្ឌធ្វើបុណ្យនៅទីនោះជាប្រចាំរាល់ឆ្នាំផង។

ម្យ៉ាងបើទោះជាលោកនាយវីតាមីនសេ ទើបតែផ្លាស់មករស់នៅម្ដុំភ្នំពេញថ្មី ប៉ុន្តែ​អ្នកនាងថា​មុនពេលទទួលមរណភាព លោកចូលចិត្តចេញចូលធ្វើបុណ្យនៅក្នុងវត្តនោះជាប្រចាំ ទើបអ្នកនាង និងក្រុមគ្រួសារសម្រេចសាងសង់ចេតីយ៍នៅក្នុងវត្តនោះតែម្ដង។ មកទល់ពេលនេះ នៅតែមានការរិះគន់ថាអ្នកនាងយកលុយជំនួយពីសប្បុរធម៌មកក្ដាប់ក្នុងដៃ ដោយមិនប្រឹងយកឪពុកទៅព្យាបាលក្រៅប្រទេស រហូតបណ្ដាលអោយឪពុកស្លាប់នៅក្នុងរយៈពេលខ្លី ប៉ុន្តែការពិតមកពីសភាពជំងឺឈានដល់ដំណាក់កាលព្យាបាលមិនជាទៅហើយ ទើបអ្នកនាងសុខចិត្តមិនបញ្ជូនឪពុកចេញទីក្រៅក្រោយទទួលបាន៥ម៉ឺនដុល្លារពីសម្ដេច​នាយករដ្ឋមន្ត្រី និងជំនួយផ្សេងៗ ដោយប្រឹង​សន្សំសំចៃ​ថវិកាទាំងនោះ ប្រើប្រាស់ក្នុងការរត់ចុះរត់ឡើងក្នុងព្យាបាលលោកឪពុក​មុនស្លាប់ សម្រាប់ធ្វើបុណ្យ និងមួយចំណែកចុងក្រោយគឺទុក​ធ្វើចេតិយអោយលោក​​អោយបានសមរម្យ​នេះឯង។

តាមគម្រោងផ្ទះថ្មីរបស់លោកនាយវីតាមីនសេ នឹងរួចរាល់នៅដើមខែ៧ ដោយសារតែនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែ៧ ក្នុងពេលខាងមុខ គឺជាបុណ្យ១០០ថ្ងៃ និងកំណត់យកថ្ងៃឆ្លងផ្ទះថ្មីអោយលោកផង។អ្នកនាងប៉េងប៉ោង បន្តថាអ្នកនាងសប្បាយចិត្តយ៉ាងខ្លាំងក្នុងពេលដែលអ្នកនាង និងក្រុមគ្រួសារមានលទ្ធភាពសង់ចេតិយទុកអោយឪពុករស់នៅ ក្នុងពេលដែលមុនលោកទទួលបានជំនួយ អ្នកនាងតែងមានការបារម្ភថាតើបានលុយឯណា ដើម្បីមើលជំងឺរបស់លោកចុងក្រោយ បានលុយពីណាសម្រាប់ធ្វើបុណ្យលោកពេលលោកអស់វាសនា និងបានលុយឯណាដើម្បីសង់ចេតិយអោយសមរម្យអោយលោក។ អ្នកនាងថាពិធីឆ្លងចេតិយនឹងត្រូវធ្វើឡើងក្នុងថ្ងៃបុណ្យ១០០ថ្ងៃ អ៊ីចឹងហើយទើបអ្នកនាងកំណត់ជាងដាច់ខាតត្រូវតែសង់អោយទាន់ ដើម្បីយករាសី និងកុំអោយរវល់ច្រើនដងរំខានអ្នកសិល្បៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here