តារាសិល្បៈកុះករ ថតអបអរចូលឆ្នាំនៅ TVK

0

ខណៈដែលប៉ុស្តិទូរទស្សន៍មួយចំនួន ត្រូវគេកត់សម្គាល់ថាបានផ្អាកសកម្មភាពអបអរបុណ្យចូលឆ្នាំ ព្រោះតែមាន​ការ​ចំណាយ​ច្រើន និងសម្អាងថា សមាគមទូទស្សន៍កម្ពុជា ក៍បានថតកម្មវិធីច្រៀងរាំអបអរបុណ្យចូលឆ្នាំធំដុំរាល់ឆ្នាំដែរនោះ សម្រាប់ទូរទស្សន៍ជាតិកម្ពុជា នៅតែបានចំណាយក្នុងការថតកម្មវិធីសិល្បៈ ដោយមានល្បែងប្រជាប្រិយ និងច្រៀងរាំ យ៉ាង​សប្បាយកុះករ ដើម្បីចូលរួមថែរក្សាវប្បធម៍ដ៍ផូរផង់របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ។

ពិធីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៩ មេសា នៅស្ទីឌីយោទូរទស្សន៍ជាតិ និងមានតារាសិល្បៈចាស់ក្មេង មកពីគ្រួសារ​តារា​កម្ពុជារហូតដល់ជាង៦០រូបចូលរួម។

លោក សុខ សំណាង ផលិតករកម្មវិធីកុនខ្ញុំ បានថ្លែងបញ្ជាក់ថា ដោយសារតែកម្មវិធីរបស់ខ្លួនត្រូវចាក់បញ្ចាំងចំថ្ងៃចូលឆ្នាំ ទើបលោកសម្រេចសហការជាមួយគ្រួសារតារាកម្ពុជា ដើម្បីគៀរគរតារាសិល្បៈជាង៦០រូប អោយចូលរួមលេង​ល្បែង​ប្រជាប្រិយ ដើម្បីរំលឹកពីល្បែងសប្បាយៗរបស់ខ្មែរ និងមានសកម្មភាពច្រៀងរាំ នូវចង្វាក់ប្រពៃណីខ្មែរ អមដោយ​ការ​ស្លៀកពាក់ហូលផាមួង និងអាវកបំពង់ដែលបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ។

កម្មវិធីនេះ ក៍មានកិច្ចសម្ភាសន៍ជាមួយផលិតករ និង លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបាន​សហការគ្នាផលិតស្ពតមួយមុនថតកម្មវិធី ដែលនិយាយពីការថែរក្សាវប្បធម៍របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំផងដែរ។

ក្រៅពីកិច្ចសម្ភាសន៍ និងរាំច្រៀង បង្ហាញពីចង្វាក់ប្រពៃណី កម្មវិធីនេះក៍មានបង្ហាញពីល្បែងប្រជាប្រិយរួមមាន ល្បែងបោះ​ឈូង លាក់កន្សែង និង ដណ្ដើមស្លឹកឈើ ដែលសុទ្ធតែជាល្បែងប្រពៃណីខ្មែរ ដែលបង្ហាញពីកម្លាំងសាមគ្គីរបស់ខ្មែរ។

តារាដែលបានចូលរួមក្នុងពិធីនោះ រួមមានទាំងតារាចម្រៀង តារាបង្ហាញម៉ូដ តារាសម្ដែង និង តារាកំប្លែង ដែលភាគច្រើន​ជា​សមាជិកសកម្មរបស់គ្រួសារតារាកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here