មាស មុនីរាជ អស់ទឹកចិត្តវាយលុកសិល្បៈ ទោះជាក្លាយជាម្ចាស់ពាន

0

ប្រិយមិត្តដែលនិយមតាមដានកម្មវិធីប្រឡងចម្រៀងធំៗលំដាប់ពិភពលោក ពិតជាមិនទាន់ភ្លេចឈ្មោះអតីតបេក្ខជន Cambodia Idol គឺលោក មាស មុនីរាជ នៅឡើយ ព្រោះលោកមានសមត្ថភាព និងទឹកដមសំឡេងល្អគួរ់ឲ្យចង់ស្តាប់។ ខិតខំព្យាយាមឈ្មុលលើវិថីសិល្បៈរហូតក្លាយជាម្ចាស់ពាន តាមរយៈបោះឆ្នោតដោយសំឡេងមហាជន ធ្វើឲ្យតារារះថ្មីរូបនេះរំពឹងល្បីរន្ទឺ តែចុងក្រោយស្ទើរដើរចេញនៅពេលពើបប្រទះរឿងចុកចាប់ជាច្រើន។

រំឮកអតីតកាលរបស់លោក មាស មុនីរាជ លោកជាអតីតបេក្ខជនប្រឡងចម្រៀងឆ្នើមក្នុងកម្មវិធីខេមបូឌាអាយឌលដូវកាលទី១ ចូលដល់វគ្គផ្សាយបន្តផ្ទាល់សប្តាហ៍ទី៧ ត្រូវចាកចេញដោយជំនាន់ទី១នោះ លោកត្រូវប៉ះជាមួយបេក្ខជនឆ្នើមៗដទៃទៀតនៅវគ្គ Live Show ដូចជាលោក នី រតនា លោកម៉ៅ ហាជី លោកអៀម វន្នី លោកសៅ ឧត្តម និងកញ្ញា សុវត្ថិឌី ធារិកា ជាដើម។

ដោយមិនអស់ចិត្ត បាត់មុខមួយរយៈកាល លោកក៏បានត្រឡប់មកចូលរួមប្រឡងចម្រៀងថ្មីមួយទៀតនៅទូរទស្សន៍បាយ័នក្នុងកម្មវិធី «The Melody» តស៊ូវ៉ាគេឯងជាមួយទេពកោសល្យសិល្បៈច្រើនដំណាក់កាល នៅទីបំផុតលោក មុនីរាជ រីកមុខមាត់ក្លាយជាម្ចាស់ពានសមតាមបំណង។ ពេលនោះទាំងទស្សនិកជន និងអ្នកសិល្បៈមួយចំនួនរំពឹងថា លោកប្រាកដជាក់ក្លាយជាតារាចែងចាំងដូចម្ចាស់ជ័យលាភីផ្សេងៗទៀតដែលលាស់ចេញពីកម្មវិធីប្រឡងចម្រៀងទាំងនេះ ហើយបណ្តាស្ថាប័ន ទូរទស្សន៍ដែលខ្លួនខំប្រឡងនឹងយិតយោង។

ក្នុងជំនួបចៃដន្យមួយកាលពីព្រលប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ លោកមាស មុនីរាជ បានឲ្យអ្នកសារព័ត៌មានកោះសន្តិភាពដឹងថា “នៅពេលនេះ បើនិយាយពីសិល្បៈ លោកដូចតារាថ្មីមិនដឹងពឹងពាក់អ្នកណា។ លោកជាប់ពានឆ្នើម តែក្រោយមកស្រាប់តែមិនដឹងបែបណា គ្មានការជួយវែកផ្លូវឲ្យដើរដូចគេពេញដៃពេញជើងបណ្តោយឲ្យទើនៅជ្រុងម្ខាង។ យ៉ាងណាលោកវាយលុកច្រើនក្នុងវិស័យសិល្បៈ យល់ដឹងច្រើនថា វិថីមួយនេះមិនងាយដើរ និងមានការប៉ែងជើងគ្នាយ៉ាងណាទោះម្ចាស់ពានអ្វីក៍ដោយ បើមិនត្រូវចិត្តថ្លើមគេទេ កុំសង្ឃឹមល្បី”។ លោក មាស មុនីរាជ ដែលចេះទាំងនិពន្ឋបទចម្រៀងទៀតនោះ ពោលអស់សង្ឃឹមថា លោកឆ្អែតនឹងសិល្បៈនេះខ្លាំងណាស់ រហូតបើនិយាយពីចិត្តវិញសល់តែ ២០ទៅ៣០%តែប៉ុណ្ណោះ លែងចង់ប្រឡូកការងារសិល្បៈ ទើបលោកងាកមកពង្រឹងមុខរបរថ្មីរកសុីលក់ទិញឡាន និងដីធ្លីតាមមិត្តភក្តិណែនាំ ដោយគិតថាអាចល្អប្រសើរជាងសិល្បៈ»។ ធ្វើម៉េចនេះជានិស្ស័យ ប្រហែលជាហុងស៊ុយយើងមិនទាន់ល្បី ឬឱកាសមិនទាន់ដល់ក៍អាចថាបាន។
តាមរយៈការបង្ហាញអារម្មណ៍ពិតនេះ គេរំពឹងថាបណ្តាស្ថានីយ៍ទូរទស្សន៍ និងកម្មវិធីផេកសិល្បៈល្បីៗ នឹងជួយរុញតារាមានស្នាដៃរូបនេះ ឲ្យលេចធ្លោដោយយោងលើសមត្ថភាពពិតរបស់លោក ហើយថែមទាំងចេះនិពន្ឋបទចម្រៀងបានដោយខ្លួនឯងទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here