ផលិតកម្មមហាហង្ស សម្ពោធរឿង”ផ្ទះចុងភូមិ”

0

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៦ ឧសភា ផលិតកម្មមហាហង្សបានសម្ពោធភាពយន្តខ្នាតធំរឿង”ផ្ទះចុងភូមិ” តាមការគ្រោងទុក ដែលភាពយន្តនេះគឺជាស្នាដៃដំបូងសម្រាប់ឆ្នាំ២០១៩ ដែលផលិតកម្មមួយនេះបានបញ្ចេញ។ ផលិតករមហាហង្ស បានក្ដីរំពឹងយ៉ាងខ្លាំងចំពោះស្នាដៃមួយនេះ ដោយអះអាងថាទាំងបច្ចេកទេស ទាំងសំឡេង និង សាច់រឿងទាំងមូលគឺសម្រិតសម្រាំង ដែលពិតជាទទួលបានការគាំទ្រខ្ពស់ពីមហាជន។

លោក អុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា ធៀបនឹងស្នាដៃមុនៗ ភាពយន្តរឿង”ផ្ទះចុងភូមិ” មានការចំណាយដើមទុនអស់ច្រើនគួរសម ដោយសារតែលោកព្រលែងដៃអោយក្រុមផលិតករផលិតស្នាដៃអោយបានល្អ និង ចង់អោយរឿងទាំងមូល ក្លាយជារឿងដែលមានគុណភាពស្ដង់ដារ។ មួយរឿង លោកថាគ្រាន់តែសរុបលើការផលិត ប្រើពេលដល់មួយឆ្នាំពេញ ខណៈដែលគុណភាពរឿង ក៍លោកពេញចិត្ត ហើយជឿជាក់ច្រើនថា មានកម្រិតប្រកួតប្រជែង នឹងស្នាដៃរបស់ប្រទេសជិតខាងបាន។ លោកក៍គ្រោងនឹងយកស្នាដៃមួយនេះ ចេញទៅកាន់ទីផ្សារក្រៅស្រុកផងដែរ ទើបលោកសម្រេចផលិតស្នាដៃទាំងមូល ដោយមិនខ្វល់ពីការចំណាយកម្រិតណា។

ភាពយន្តនេះប្រកាសលក់សំបុត្រ ចាប់ពីថ្ងៃទី៨ ឧសភា តទៅ ដោយស្នាដៃរបស់លោកគ្រាន់តែយកទៅឆ្លងក្រសួង គឺទទួលបានការសរសើរធ្វើអោយលោកកក់ក្ដៅ ជាពិសេសគឺលើសាច់រឿង និងភាពជក់ចិត្តតាំងពីដើមរឿងរហូតដល់ចប់តែម្ដង។

មិនខុសពីការលើកឡើងរបស់ លោក គេកត់សម្គាល់ថាភាពយន្តទាំងមូលមានលាក់សាច់រឿង និងមានឈុតឆាកំប្លែង ភ័យរន្ធត់ ប្រទាក់ក្រឡា ដោយអ្នកបានទស្សនាដែលជាភ្ញៀវភាគច្រើន សុទ្ធតែលាន់មាត់ថា ភាពយន្តរឿង”ផ្ទះចុងភូមិ” សើច ភ័យ និងកម្សត់ ល្អមើល។ មួយរឿង នេះ មហាហង្សទទួលបានការសរសើរខុសពីស្នាដៃមុនៗ ស្របគ្នាដែលតួសម្ដែងក៍ត្រូវផលិតកម្ម ដាក់សុទ្ធតែតួល្បីៗ ដែលកាន់តែរំលេចផ្ទៃរឿងអោយកាន់តែទាក់ភ្នែក។ យ៉ាងណាមិញនៅក្នុងពិធីកាត់ខ្សែបូរបើកសម្ពោធនោះ គេមិនឃើញវត្តមាន នាយគ្រឿន លោក ជា សុវណ្ណនរាហ៍ និង ទ្រង់ សុីសុវត្ថិ សិរីវុឌ ដែលជាតួអង្គសំខាន់ ចូលរួមនោះទេ ដោយសារតែតួអង្គធំៗក្នុងរឿងទាំង៣ សុទ្ធតែជាប់ការងារតាមខេត្ត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here