តារាសិល្បករខ្មែរ ទទួលបានការចាប់អារម្មណ៍នៅជប៉ុន

0

ភ្នំពេញ ៖ក្នុងដំណើរទស្សនកិច្ច និងបង្ហាញពីអត្តសញ្ញាណខ្មែរនៅលើទឹកដីខ្មែរ សិល្បករមួយក្រុមពីប្រទេសកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីជនជាតិជប៉ុន។ ក្រៅពីលេចធ្លោក្នុហក្បួនដង្ហែរប្រចាំឆ្នាំរបស់ជប៉ុន សិល្បករខ្មែរក៍ទទួលបានការស្វាគមន៍ពីម្ចាស់ក្រុមហ៑ុនអចលនទ្រព្យធំមួយ ដែលមានបំណងចង់ជំរុញដល់សិល្បៈវប្បធម៍របស់ខ្មែរផងដែរ។

អ្នកស្រី ឆោម ស្រស់ ប្រធានអង្គការរួបរួមពលរដ្ឋកម្ពុជាជប៉ុន ដែលជាអ្នកធានាយកតារាសិល្បៈខ្មែរមកកាន់ប្រទេសជប៉ុន បានអះអាងថា បន្ទាប់ពីបងប្អូនខ្មែររស់នៅប្រទេសជប៉ុនប្រមាណជិត១០០នាក់ បានធ្វើក្បួនដង្ហែរបង្ហាញពីសិល្បៈខ្មែរ ក្នុងពិធីបុណ្យប្រចាំឆ្នាំធំមួយ ដែលមានការចូលរួមពីបណ្ដាប្រទេសជាច្រើន អ្នកស្រីក៍បានធានាយកតារាសិល្បៈមួយក្រុម ដឹកនាំដោយលោក នូ សុផេន អោយមកបង្ហាញទម្រង់សិល្បៈនៅតាមបណ្ដាក្រុមហ៑ុនតូចធំ តាមសាលារៀន និងតាមសហគមន៍ដែលមានបងប្អូនខ្មែររស់នៅ ដើម្បីអោយកូនខ្មែរដែលធំធាត់នៅក្នុងប្រទេសជប៉ុនបានស្គាល់ពីអត្តសញ្ញាណជាតិរបស់ខ្លួន និងដើម្បីអោយបរទេស ពិសេសគឺជនជាតិជប៉ុន កាន់តែស្គាល់ពីខ្មែរ ក្រៅពីស្គាល់អង្គរវត្តតែម្ដង។

ក្នុងនាមជាប្រធានសមាគមតំណាងជនជាតិខ្មែរនៅក្នុងប្រទេសជប៉ុន ក្រៅពីធ្វើសកម្មភាពស្វែងរកមូលនិធិជួយដល់សហគមក្រីក្រនៅកម្ពុជា អ្នកស្រីរមែងប្រមូលផ្ដុំខ្មែររៀបចំជាកម្មវិធីផ្សេងៗ ដើម្បីលើកស្ទួយសិល្បៈខ្មែរ ដោយអ្នកស្រីក៍ព្យាយាមស្វែងរកស្ពុនស័រ ដើម្បីអោយសមាគមរបស់អ្នកស្រី មានលទ្ធភាពស្ពុនស័រសិល្បករខ្មែរ មកផ្សព្វផ្សាយវប្បធម៍នៅក្នុងប្រទេសជប៉ុនអោយបានច្រើននាក់ជាងលើកនេះផងដែរ។ ជាក់ស្ដែងក្នុងសម្ដែងការគួរសមជាមួយម្ចាស់ក្រុមហ៑ុនអចលនទ្រព្យធំមួយ Chintai កាលពីថ្ងៃទី៩ ឧសភា ដោយមានការសម្ដែងសិល្បៈផង អ្នកស្រីជនជាតិជប៉ុនមួយក្រុមនេះ បានតម្លៃដល់អ្នកសិល្បករខ្មែរយ៉ាងខ្លាំង។

លោក នូ សុភេន អ្នកដឹកនាំតារាខ្មែរមកបង្ហាញអត្ថសញ្ញាណជាតិនៅលើទឹកដីជប៉ុនបានអះអាងថា គម្រោងមកកាន់ប្រទេសលើកនេះគឺជាលើកទី២ហើយ ដោយវត្តមានសិល្បករខ្មែរលើកនេះត្រូវបានស្នើមកច្រើនជាងមុន ទើបអាចបែងចែកជាអ្នករបាំបុរាណខ្លះ និងអ្នកចម្រៀងខ្លះ តែអ្វីដែលលោកបានបង្ហាញគឺទម្រង់របាំខ្មែរ និងសំលៀកបំពាក់ខ្មែរក្នុងពេលបង្ហាញខ្លួនជួនបណ្ដាជនជាតិជប៉ុននោះតែម្ដង។ លោកថាវត្តមានដឹកនាំតារាមកប្រទេសជប៉ុនលើកនេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ឧសភា ដោយដំណើរដឹកនាំសិល្បករមកបង្ហាញអត្តសញ្ញាណលើកនេះ ក៍មានសហការជាមួយស្ថាបនិកគ្រួសារតារាកម្ពុជាផងដែរ។

នាយក្រុមហ៑ុនChintai ដែលជាអ្នកចំណាយលើសំបុត្រយន្តហោះរបស់ក្រុមសិល្បៈ បានអះអាងលោកនឹងបន្តស្ពុនស័រសិល្បករខ្មែរ អោយមានឱកាសមកបង្ហាញទម្រង់សិល្បៈ នៅក្នុងប្រទេសជប៉ុន អោយបានច្រើននាក់ជាងនេះ ដើម្បីអោយសិល្បករខ្មែរ បានមកជប៉ុនអោយបានចំនួនច្រើន និងច្រើនលើកក្នុងមួយឆ្នាំ ក្នុងការផ្សព្វផ្សាយពីវប្បធម៍អរិយធម៍។ លោកថាកម្ពុជាជាជាតិសាសន៍ដែលមានវប្បធម៍បុរាណសំបូរបែប និងគួរអោយស្ញើចសរសើរ ទើបលោកពេញចិត្តចំណាយលើសំបុត្រយន្តហោះរបស់សិល្បករខ្មែរ។ ក្នុងឱកាសនោះ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៍បានប្រគល់ជូនភរិយារបស់អគ្គនាយកក្រុមហ៑ុនអចលនទ្រព្យ Chintai នូវសុីញរបស់គ្រួសារតារាកម្ពុជា ដែលជានិមិត្តសញ្ញានៃការលើកស្ទួយសិល្បៈវប្បធម៍ខ្មែរ ទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here