ហេតុអ្វីមេល្អ សំខាន់ជាងប្រាក់ខែកប់ពពក?

0

សម្រាប់​មនុស្ស​ជាច្រើន ចំនួន​ប្រាក់ខែ​គឺជា​រឿង​សំខាន់ ​ព្រោះ​វា​ជា​ចំនូល ​ដើម្បី​ចិញ្ចឹមជីវិត​របស់​យើង​ម្នាក់។ មាន​មនុស្ស​មិនតិច​ទេ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យបាន​ចេះដឹង​ខ្ពង់ខ្ពស់ ​ព្រោះតែ​សង្ឃឹមថា​ខ្លួន​នឹង​អាច​ទទួលបាន​ប្រាក់ខែ​ល្អ​រស់នៅ​ស្រួល។ ប៉ុន្តែ​តើ​ប្រាក់ខែ​គឺ​ពិតជា​សំខាន់​ពិតមែនឬ? ចម្លើយ​ គឺ​មែន ហើយ​នឹង​មិនមែន​ដូចគ្នា។

ជាទូទៅ ប្រាក់ខែ ​គឺជា​រឿង​សំខាន់​ហើយ ព្រោះថា​ប្រសិនជា​គ្មាន​ប្រាក់ខែ​ល្អ​សមរម្យ​នោះទេ អ្នក​ក៏​មិនអាច​រស់នៅ​បាន​ងាយស្រួល​ដែរ ប៉ុន្តែ​ថ្វីត្បិតតែ​វា​មាន​សា​រះ​សំខាន់​ក៏ពិតមែន វា​នៅតែ​មិន​សំខាន់​ដល់​មាន​មេ​ល្អ ឬ​ថៅកែ​ល្អ។ មេ​ល្អ គឺជា​ចំនុច​ដែល​សំខាន់បំផុត​លើស​អ្វី​ទាំងអស់ ពោលគឺ​មិន​ថា​អ្នក​បាន​ប្រាក់ខែ​ច្រើន​ប៉ុណ្ណា​នោះទេ កាលណា​ដែល​អ្នកមាន​មេ​មិនល្អ មិន​យកចិត្តទុកដាក់​នឹង​កូនចៅ គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន អ្នក​ប្រាកដជា​ធ្វើ​ការឲ្យ​មិនមាន​សេចក្តីសុខ​នោះឡើយ។

នៅពេលដែល​អ្នកមាន​មេ​ល្អ អ្នក​ដូចជា​បានទទួលអ្វីៗគ្រប់យ៉ាង​អញ្ចឹង​ដែរ។ មេ​ល្អ នឹង​ដឹងថា ​តើ​អ្វី​ទៅជា​ការងារ​ដែល​កូនចៅនីមួយៗត្រូវធ្វើ។ គេ​នឹង​មើលឃើញ​ពី​ចំនុចខ្លាំង ឬ​ខ្សោយ​របស់​កូនចៅ​ម្នាក់ ក្រោយមក​ទើប​ចំនាត់​ចែង​ការងារ​នីមួយ​ឲ្យទៅ​កូនចៅ ដូច្នេះហើយ​កូនចៅ​ដែល​ធ្វើការ​តាម​ចំនាត់ការ​នោះ​នឹងធ្វើ​ការងារ​ទៅដោយ​រលូន ជា​ជាង​​ការដែល​មេ​ចេះតែ​អ្នក​ការងារ​ឲ្យធ្វើ​មិនត្រូវ​ជំនាញ។

លើសពីនេះ​ផងដែរ នៅ​ពល​ដែល​អ្នកធ្វើការងារ​ដែល​អ្នកមាន​ជំនាញ​នៅក្នុង​នោះ អ្នកនឹង​ឃើញថា​ខ្លួនឯង​មិនសូវ​ចំនាយពេល​និង​កម្លាំង​ច្រើន​លើ​ការបំពេញ​ការងារ​នោះឡើយ ហើយ​អ្នក​ក៏​មិនសូវ​រង​សម្ពាធ​ការងារ​ផងដែរ។ ដូច្នេះ​មេ​ល្អ អាចជួយ​សម្រាល​បន្ទុក​របស់​អ្នក​បាន​មួយអន្លើរ។

មេ​ល្អ​ក៏​ជា​មេ​ដែល​ដឹងថា​ពី​សុខទុក្ខ​កូនចៅ មិនឃើញ​តែ​ពី​ប្រយោជន៍​ខ្លួនឯង និង​មានចិត្ត​ចង់​ជួយ​ជ្រោមជ្រែង​ឲ្យ​កូនចៅ​បានល្អ។ ថ្វីត្បិតតែ​អ្នកធ្វើ​ការបញ្ចេញ​កម្លាំង​ឬ​ចំនេះវិជ្ជា​ដើម្បី​ទទួលបាន​ប្រាក់ខែ​ក៏ពិតមែន ប៉ុន្តែ​មេ​ល្អ​នឹង​ព្យាយាម​ជួយ​ឲ្យ​អ្នកទទួលបាន​លើសពី​ប្រាក់ខែ​ទៅទៀត ពោលគឺ​ថា​គេ​នឹង​ជួយ​បង្រៀន ឬ​ផ្តល់​ដំបូន្មានល្អៗឲ្យ​អ្នក​ដើម្បី​ឃើញ​អ្នក​អភិវឌ្ឍន៍​ខ្លួន​ទៅមុខ​កាន់តែ​ប្រសើរ។

មេ​ល្អ​នឹង​ផ្តល់​ឳ​កាស​រាប់មិនអស់​មកឲ្យ​កូនចៅ​វិញ។ ជាទូទៅ ជា​មេ​ដែលមាន​កូនចៅ​នៅក្រោម​បន្ទុក​របស់ខ្លួន មេ​ល្អ​នឹង​ផ្តល់​ឳ​កាស​ឲ្យ​កូនចៅ​របស់ខ្លួន​អាច​បញ្ចេញ​សមត្ថភាព ឬ​សាកល្បង​អ្វីដែល​ថ្មី ដើម្បីឲ្យ​កូនចៅ​ខ្លួន​បាន​រៀនសូត្រ​ច្រើនជាង​មុន​ពី​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ ព្រោះ​ពួកវា​អាចជា​ចំនុច​ចាប់ផ្តើម​ដែល​ធ្វើឲ្យ​គេ​មានគំនិតថ្មីៗដែល​អាចជា​ប្រយោជន៍​ទៅដល់​ពួកគេ​នៅ​ថ្ងៃមុខ។

Loy PheaLay.
រូបលោក Loy PheaLay.

ថ្វីត្បិតតែ​ចំណុច​ប៉ុន្មាន​ខាងលើនេះ​មិនទាន់បាន​រៀបរាប់​អស់ទាំង​ស្រុង​ពី​អត្ថប្រយោជន៍​ដែលមាន​មេ​ល្អ​នោះទេ ប៉ុន្តែ​វា​ក៏​អាច​បញ្ជាក់​ឲ្យឃើញ​បាន​ហើយ​ថា​នៅពេលដែល​អ្នកមាន​មេ​ល្អ​ដឹកនាំ​ខ្លួន អ្នកនឹង​ទទួលបាន​ទ្រព្យសម្បត្តិ​ជាច្រើន​ដែលមាន​ប្រាក់​ច្រើន​ប៉ុណ្ណា​ក៏​ប្រហែលជា​មិនអាច​ទិញ​បាន។ ដូច្នេះ​នៅពេលដែល​អ្នកស្វែងរក​ការងារ​មួយ អ្នក​គួរ​កុំ​ព្យាយាម​ផ្តោត​សំខាន់​តែ​ប្រាក់ខែ​ពេក ប៉ុន្តែ​គួរ​ស្វែងរក​មេដឹកនាំ​ដែល​ល្អ​វិញ​ប្រសើរ​ជាង៕

សម្រង់អត្ថបទទាំងស្រុងពីលោក៖ Loy PheaLay.

LEAVE A REPLY

Please enter your comment!
Please enter your name here