Jean Jacques Rousseau ដែលបញ្ញាវ័ន្តខ្មែរតែងតែនិយាយជានរណា?

0

ហ្សង់សាក់រូសូ ជាមនុស្សឆាប់រំភើប ស្រលាញ់ធម្មជាតិ ជាមនុស្សចូលចិត្តប្រើសញ្ចេតនាអណ្តែតអណ្តូង និងជាអ្នកមិនទុកចិត្តដល់វិទ្យាសាស្រ្ត។ ស្នាដៃរបស់លោកគឺបានយកចិត្តទុកដាក់លើការកែទម្រង់ក្នុងនាមវិចារណញ្ញាណ។

កិច្ចព្រមព្រៀងសង្គម” គឺជាស្នាដៃដែលបង្ហាញពីទ្រឹស្តីនយោបាយរបស់គាត់ដែលក្នុងនោះ រូសូ បានបង្ហាញថារដ្ឋកើតចេញពីទំនោររបស់មនុស្សពីធម្មជាតិ។ ស្នាដៃនេះបានផ្តោតទៅលើហេតុផលសំខាន់ៗពីរ គឺៈ
ហេតុផលទី១ បង្ហាញថា “សង្គមមនុស្ស” ជាអង្គរួមមួយដែលមានផ្ទុក ទៅដោយក្រមសីលធម៌ និងបណ្តុំមនុស្ស។ វាក៏ជាសមាគមដែលកកើតឡើងដោយការចុះកិច្ចសន្យារួមគ្នាមួយ ហើយនាំមកនូវអត្តសញ្ញាណរួម ឆន្ទៈ ជីវិភាព និងឯកភាពរួមតែមួយ។

សមាគមនៃមនុស្ស ឬសង្គមមនុស្ស ក្រោយមកបានប្រែខ្លួនទៅជារដ្ឋ។ រដ្ឋមានឆន្ទៈរួមរបស់ខ្លួន ហើយសមាជិកម្នាក់ៗនៃរដ្ឋ នឹងក្លាយជាផ្នែកយ៉ាងសំខាន់មិនអាចកាត់ផ្តាច់បានពីរដ្ឋ។ ហើយរដ្ឋដែលមានលក្ខណៈល្អប្រសើរចាំបាច់ត្រូវតែមាន ច្បាប់សម្រាប់មនុស្សអនុវត្ត កាតព្វកិច្ចសង្គម និងស្មារតីទទួលខុសត្រូវផ្នែកសីលធម៌របស់គ្រប់សមាជិកសង្គម។

ហេតុផលទី២ គឺក្រមសីលធម៌ និងស្ថាប័នទូទៅរបស់រដ្ឋ ចាំបាច់ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា។ សីលធម៌មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអប់រំប្រជាពលរដ្ឋ និងបង្កប់ក្នុងតម្លៃអប់រំនៃច្បាប់ ដែលអាស្រ័យលើកាតព្វកិច្ច និងអារម្មណ៍។

លោក រូសូ គិតថាដើម្បីមានឆន្ទៈរួម សង្គមត្រូវតែមានសមភាពក្នុងសង្គមជាមុនសិន។ គាត់គិតថាសម្បត្តិឯកជនគឺជាច្បាប់សង្គម មិនមែនជាច្បាប់ធម្មជាតិឡើយ ហើយព្រោះតែមានសម្បត្តិឯកជនទើបមានការគិតតែពីផលប្រយោជន៍ខ្លួនឯង និងមានចោរលួច។ រូសូ ក៏បានបង្ហាញផងដែរថា ប្រសិនបើក្នុងសង្គមមួយ មានក្រុមហ៊ុនឯកជនច្រើន តែមិនមានការគ្រប់គ្រងបានល្អប្រសើរ សង្គមនោះច្បាស់ជាមានវិសមភាពផ្នែកទ្រព្យសម្បត្តិ (អ្នកមានកាន់តែមាន អ្នកក្រនៅតែក្រ) បន្ទាប់មកការប្រេះឆាឆន្ទៈសង្គមនឹងកើតឡើង នៅពេលនោះហើយដែលអំណាចរដ្ឋត្រូវកាន់កាប់ផ្តាច់មុខដោយក្រុមវណ្ណៈតែមួយក្រុមតូចតែប៉ុណ្ណោះ។

រូសូ គាំទ្រអោយមានប្រជាធិបតេយ្យដោយផ្ទាល់ព្រោះគាត់គិតថា ឆន្ទៈជារបស់មិនអាចប្តូរ មិនអាចលក់ ហើយក៏មិនអាចដំណាងបានដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here