George Washington ការឡើងជាថ្នាក់ដឹកនាំប្រទេស ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនខុសពីសត្វជ្រូកដែលកំពុងឡើងលើជ្រញ់ប៉ុន្មានទេ

0

គ្រប់គ្នាសុទ្ធតែបានស្គាល់ថា George Washington ជាប្រធានាធិបតីដំបូងបំផុតរបស់មហាអំណាចទី១ នៃពិភពលោកនាពេលបច្ចុប្បន្ន។ គាត់ក៏ត្រូវបានគេស្គាល់ថាជាបិតានៃ សហរដ្ឋអាមេរិក ព្រោះគាត់ជាមេដឹកនាំដែលបានរំដោះទឹកដីអាមេរិកឲ្យរួចផុតពីអាណានិគមរបស់អង់គ្លេសនាឆ្នាំ ១៧៨១។
ចាប់ផ្តើមពីយុវភាពក្នុងមរភូមិ Washington បានលះបង់គ្រប់យ៉ាងដើម្បីមនសិកា និងប្រទេសជាតិរបស់ខ្លួនដោយមិនខ្វល់ពីផលប្រយោជន៍ផ្ទាល់ខ្លួន។ គាត់បានបូជាជីវិត ដើម្បីដណ្តើមយកឯករាជ្យជូនទឹកដីកំណើត ហើយអ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះគឺវីរបុរសរបស់អាមេរិកម្នាក់នេះបានបដិសេធមិនឈរឈ្មោះជាប្រធានាធិបតីអាណត្តិទី៣ ក្រោយពេលសហរដ្ឋអាមេរិកបានទទួលឯករាជ្យពេញលេញ និងមានសន្តិភាព ខណៈដែលមេដឹកនាំស្ទើរតែទាំងអស់លើសកលលោកមិនចង់ចុះចេញពីតំណែង។
ផ្ទុយនឹងមេដឹកនាំមួយចំនួនលើពិភពលោកដែលស្រឡាញ់អំណាច George Washington ជាបុគ្គលដែលគិតថាអំណាច និងការដឹកនាំប្រទេសគឺជាបន្ទុកយ៉ាងធំមួយសម្រាប់គាត់។ ក្រោយពេលចាកចេញពីតំណែងប្រធានាធិបតី សុភាពបុរសចិត្តក្លាហាន Washington បានផ្តល់ទស្សនទានយ៉ាងសំខាន់មួយឃ្លាថា៖ «ការឡើងឋានៈជាថ្នាក់ដឹកនាំប្រទេស ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនវាមិនខុសពីសត្វជ្រូកដែលកំពុងឡើងជ្រុញប៉ុន្មានទេ»។


ជាការពិតណាស់ សម្រាប់មេដឹកនាំដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនការឡើងកាន់អំណាចគឺជាការចូលខ្លួនមកទទួលបន្ទុកគ្រប់យ៉ាងរបស់ជាតិ ឬជាការចូលខ្លួនទៅដោះស្រាយលើគ្រប់ភាពស្មុគ្រស្មាញទាំងអស់របស់ប្រទេស។ តែចំពោះអ្នកដែលយកប្រយោជន៍ជាតិបាំងមុខ ហើយឃុបឃិតគ្នាដើម្បីប្រយោជន៍គ្រួសារ និងបក្ខពួក ជាទូទៅតែងតែគិតថាអំណាចជារបស់សំខាន់បំផុតដែលមិនអាចខ្វះបាន ហើយព្យាយាមធ្វើយ៉ាងណារក្សាអំណាចរបស់ខ្លួនឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន។ សម្រាប់ពួកគេ អំណាចប្រៀបបានទៅនឹងព្រះដែលអាចប្រោសពួកគេពីការស៊ើបអង្កេត ឬគេចពីការទទួលខុសត្រូវគ្រប់យ៉ាងចំពោះកំហុសរបស់ខ្លួន។ ហេតុនេះហើយទើបជាទូទៅគេឃើញមេដឹកនាំប្រទេសដែលមិនខ្វល់ពីសង្គមទាំងអស់នោះ តែងតែព្យាយាមប្រើកម្លាំងយោធា ចាប់ចងគូរប្រជែង ឬក្លែងបន្លំសន្លឹកឆ្នោតដើម្បីកុំឲ្យរបូតអំណាចរបស់ខ្លួនទៅលើអ្នកដទៃដែលគិតពីប្រយោជន៍សង្គមជាធំ។
សម្រាប់បុគ្គលដែលមានមនសិកាសង្គមដូចជា George Washington ការដឹកនាំប្រទេសគឺចាំបាច់ត្រូវហ៊ានការលះបង់ ត្រូវប្រឈមមុខចំពោះភ័យវិបត្តិផ្សេងៗ ឬត្រូវប្តូរជីវិតដើម្បីឲ្យសង្គមជាតិទទួលបានសេចក្តីសុខសន្តិភាព។ សម្តីដែលថាការកាន់អំណាចជាមេដឹកនាំ ប្រៀបបានទៅនឹងការឡើងជ្រុញជាគំនិតដែលបង្ហាញឲ្យឃើញថា Washington ជាបុរសម្នាក់ដែលមិនស្រឡាញ់អំណាចទាល់តែសោះ តែកត្តាដែលធ្វើឲ្យគាត់អាចដឹកនាំប្រទេសរហូតដល់ប្រជាពលរដ្ឋស្ទើរតែគិតថាគាត់ជាព្រះនោះគឺគំនិតស្រឡាញ់សង្គមជាតិយ៉ាងស្មោះស្ម័គ្រជាទីបំផុតរបស់គាត់។
ជារួមឥរិយាបថរបស់វីរបុរសអាមេរិក George Washington ជាគម្រូនៃវីរភាពសម្រាប់មេដឹកនាំពិភពទាំងឡាយក្នុងការបណ្តុះគំនិតស្រឡាញ់សង្គម ហើយលះបង់គំនិតអាត្មានិយមចោលឲ្យអស់។ ដូចជាពាក្យខ្មែរយើងដែលបាននិយាយថា «ទូកទៅ កំពង់នៅ» ថ្វីត្បិតតែអ្នកដឹកនាំណាម្នាក់បានស្លាប់បាត់បង់ជីវិតទៅហើយក៏ដោយ កេរឈ្មោះរបស់គាត់នឹងស្ថិតនៅជាប់ជានិច្ចក្នុងប្រវត្តិសាស្ត្រ។ ប្រសិនបើមេដឹកនាំណាម្នាក់គិតថា អំណាចជាព្រះ ជាគ្រឿងញ្ញៀន ឬជាថ្នាទិព្វសម្រាប់បុគ្គលខ្លួនឯងនោះ គាត់នឹងក្លាយទៅជាមេដឹកនាំដែលត្រូវជនជំនាន់ក្រោយថ្កោលទោស តែប្រសិនបើមេដឹកនាំប្រទេសណាម្នាក់គិតថាអំណាចសម្រាប់បុគ្គលមិនមែនជារឿងសំខាន់ ហើយផ្តោតសំខាន់តែលើប្រយោជន៍ជាតិ គាត់ប្រាកដជាត្រូវប្រវត្តិសាស្ត្រកត់ត្រានូវរាល់វីរៈភាពដ៏អស្ចារ្យដូចជា George Washington ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here