ជនជាតិភ្នងមានទេព្យកោសល្យខ្ពស់និយាយបាន៤ភាសាចេះច្រៀងដូចកែវសារ៉ាត់បេះដាក់ (មានវីដេអូ)

0

ភ្នងគឺជាជនជាតិដើមភាគតិច រស់នៅភាគនីតីននៃប្រទេសកម្ពុជា មានដូចជានៅក្នុងខេត្តរតនៈ​គិរីនិងមណ្ឌល​គីរី​ជាដើម រីឯជីវភាពរស់នៅរបស់ពួកគាត់គឺពឹងអាស្រ័យផល ទៅលើការធ្វើចំ ការវិលជុំ ការបេះបន្លែផ្លែឈើក្នុងព្រៃ និងការបរបាញ់សត្វធ្វើជាអាហារបរិភោគជាលក្ខណៈគ្រួ សារ ហើយពួកគាត់ភាគច្រើនពុំបានអោយតម្លៃលើការសិក្សារៀន បញ្ជូនកូនទៅសាលានោះ​ទេ។ ដោយឡែកសម្រាប់លោក កែវ សុវណ្ណ ជនជាតិភ្នងម្នាក់នេះដោយសារចង់ផ្លាស់ប្តូរ​វប្បធម៌​​រស់នៅពឹងផ្នែកលើធនធានធម្មជាតិនេះ គាត់បានខិតខំសិក្សារៀនសូត្ររហូតចេះ​និ​យាយ​បាន៤ភាសា ចេះច្រៀងពីរោះដូចលោក កែវ សារ៉ាត់ ដែលមិនគួរអោយជឿទៀតផង។

អ្នចម្រៀង កែវ សុវណ្ណ ដែលទស្សនិកជនផ្តល់រហស្សនាមអោយថាជា កែវ សារ៉ាត់ នេះបាន រំលឹកពីប្រវត្តិនៃការតស៊ូរបស់ខ្លួនថា រូបគាត់កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៩៤​ក្នុងគ្រួសារក្រី​ក្រ​មួយនៅក្នុងភូមិពរ៉ាពេត ឃុំ​ត្រង់​តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ម្តាយឈ្មោះ កែវ តិ ជាជនជាតិឡាវមុខរបរជាកសិករ និងឳពុកឈ្មោះ ង៉ាន់ ង៉ារ៉ាក់ ជាអតីតអភិបាលស្រុក​ពេជ្រាដា បច្ចុប្បន្នឳពុកបានស្លាប់ទៅហើយ។

បើទោះជាមានភ័ព្វវាសនា កើតមកជាកូនអតីតអភិបាលស្រុកក៏ដោយ ក៏ប៉ុន្តែប្រាក់ខែឳពុក មិនអាចផ្គត់ផ្គង់ក្រុមគ្រួសារអោយមានជីវភាពល្អប្រសើនោះទេ ពោលគឺក្នុងនាមជាកូនប្រុស មិនទាន់បានចូលសាលាផង គាត់ត្រូវជួយម្តាយក្នុងការធ្វើចំការវិលជុំ ដូចជាការដាំស្រូវ ដាំពោតជាដើម។ ប៉ុន្តែការធ្វើរបរកសិកម្មដោយពឹងទៅលើទឹកភ្លៀង​ទាំងស្រុងនេះ ​មិនសូវ​កាក់កបប៉ុន្មានទេ « ពេលដាលស្រូវហើយ បងអ្នកភូមិជនជាតិតែងយកដៃបាំងមុខ​សំឡឹង​ទៅលើមេឃថាតើថ្ងៃនេះ​មេឃ​​ភ្លៀងឬក៏អត់ បើមេឃភ្លៀងសង្ឃឹមថានឹងបានផល បើមេឃមិន​ភ្លៀងពិត​ជាអស់សង្ឃឹមហើយ»​។ យ៉ាងណាក៏ដោយកការធ្វើសែ្រប្រវះមេឃ ពិតជាមានឆ្នាំខ្លះ​ហេង​ឆ្នាំខ្លះសយ ជួនក៏បានផ្លែ ផ្កា ជួនក៏អត់ទៅ រកក្តួចហូបជំនួសបាយក៏មាន «ថ្ងៃមួយខ្ញុំនៅចាំបានថាដោយសារតែឃ្លាន ទោះជាក្តួចត្រាំមិន​ទាន់បាន គ្រប់៣ថ្ងៃផង ក៏ហូបមួយចំអែតពោះ ហើយពុលឡើងបែកពពុះមាត់ ហើយឳពុកខ្ញុំបានយ​ក​អង្ក្រង​ច្រ​បាច់​យកទឹកពូតអោយផឹកទើបបានធូរវិញ»។

រំលឹកទៅដល់វ័យកុមារនោះលោក កែវ សុវណ្ណ បានអោដឹងថានៅឆ្នាំណាដែលធ្វើចំការ មិនបានផល គាត់រួមនឹងអ្នកភូមិជនជាតិដទៃទៀត ត្រូវចូលព្រៃស្ទើររៀងរាល់ថ្ងៃដើម្បីដើរបេះ បន្លែ ផ្លែឈើ ឬជីកដំឡូងជីកក្តួច ឬការបាញ់សត្វយកទុកគ្រាន់បំរុងទុកពេលណាមានការខ្វះ ខាតក្នុងជីវភាព ជាពិសេសនៅពេលមេឃភ្លៀងម្តងៗបើមិនរកទុកទេ គឺត្រូវខកខានមិនបាន ហូបអាហារនោះទេ។

ទោះជាជីវភាពជួបកាខ្វះខាតខ្វះមុខខ្វះក្រោយក៏ដោយ ប៉ុន្តែដោយជាប់ឈាមជ័រជាអ្នកសិក្សា មានឳពុកជាអតីតអភិបាលស្រុកពេជ្រាដា គាត់បានបញ្ជូនកូនអោយទៅរៀន នៅសាលាបឋម សិក្សាលែងឈូង ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ហើយក្រោយពីបញ្ចប់បឋមសិក្សានៅ ឆ្នាំ ១៩៩៧ គាត់ក៏បានបន្តការសិក្សាទៅរៀននៅអនុវិទ្យាល័យសង្គមរាស្រ្តនិយម ដោយត្រូវស្នាក់ នៅក្នុងអន្ទេវាសិកដ្ឋាន នៅទីរួមខេត្តមណ្ឌលគិរី «ទៅរៀននៅទីនោះគេអោយបាយ២ពេល ហើយ​​ដោយសារគ្មានលុយនោះ ខ្ញុំមិនដែលហូបអាហារពេលព្រឹក ឬទិញអ្វីហូបដូចកូនគេអ្នក មានលុយនោះទេ កុំថាឡើយលុយទិញអាហារសូម្បីលុយរៀនគួរក្រៅម៉ោង លុយទិញសៀវ ភៅរៀនក៏អត់មានដែរ កង់ក៏គ្មានជិះពេលចង់ទៅផ្ទះម្តងៗត្រូវដើរចំងាយ៤៥គីឡូម៉ែត្រ»។

ទោះជាគ្មានលុយកាក់សម្រាប់ទំនុកបម្រុងការសិក្សារដូច្នេះក្តី ប៉ុន្តែដោយការស្រលាញ់ការ សិក្សារ ចង់រំដោះខ្លួនចេញពីការធ្វើចំការវិលជុំ ចង់បញ្ឈប់ជីវភាពប្រកបរបរបបាញ់សត្វ លោក បានខិតខំរៀនសូត្រ នៅពេលមានលុយកាក់តិចតួច ដែលម្តាយសន្សំអោយមកពីស្រុក មិនហ៊ានស៊ីចាយអ្វីនោះទេ គឺត្រូវយកទៅបង់រៀនគួរភាសាអង់គ្លេស ពេលខ្លះត្រូវជំពាក់លុយ គ្រួ ហើយជំពាក់យូរទៅគ្រូអាណិត និងជាការលើកទឹកចិត្តគ្រួក៏លែងយកលុយ។ ទោះជាជីវិត ជួបការលំបាកក្នុងការសិក្សាក៏ដោយ ប៉ុន្តែដោយសារតែមានទេព្យកោសល្យខាងផ្នែកសិល្បះ តាំងពីកំណើត លោកបានប្រលងជាប់នៅពេលប្រលងថ្នាក់ខេត្ត កាលពីឆ្នាំ១៩៩៧ ទទួលបាន ប្រាក់មួយចំនួនដោះស្រាយជីវភាពបានមួយគ្រា។ ពេលនោះហើយជីវិតលោក កែវ សុវណ្ណ ត្រូវបានគេផ្តល់រហ័សនាម ជាកែវ សារ៉ាត់ទី២ ជាបណ្តើរៗ ហើយក្រោយប្រលងជាប់លោក ត្រូវបានក្រុមតន្រ្តីកាកបាទក្រហម ខេត្តមណ្ឌលគិរីហៅទៅច្រៀងជាប្រចាំ ដែលជាក្តីសង្ឃឹម​ទទួលបានលុយយកមកផ្គត់ផ្គង់ការសិក្សាជាបណ្តើរៗ ក្នុងនោះលោកក៏រៀន របាំនៅ​សាលា​វិចិត្រសិល្បៈ​​ខេត្តទាំងចម្រៀងខ្មែរនិងចម្រៀងព្នង។ ក្រោយមកលោកក៏ក្លា​យ​ជាគ្រូរបាំសម្រាប់​ជន​ជាតិព្នង​​នៅឆ្នាំ​២០០២។​ នៅឆ្នាំ២០០៣ លោកបានចូលរួមសម្តែងរឿងល្ខោនជនជាតិព្នង “ព្រះលិន​ថោង​កុមារ” ដោយលោកសម្តែងជាតួឯក។ ក្រៅពីភាសាជាតិខ្លួនឯង​និងភាសា​អង់គ្លេស លោក សុវណ្ណ អាចនិយាយភាសាឡាវ ភាសាខ្មែរ និងភាសាអង់គ្លេសបាន​យ៉ាងស្ទាត់ជំ​នាញ។​ ចំណែកការចេះច្រៀងនោះគឺមិនបានទៅសិក្សានៅ សា​លាសិល្បះណា​មួយទេ គ្ពោលរៀងរាល់ទៅឃ្វាលគោ លោកតែងច្រៀងលេងនៅលើខ្នងគោ ហើយបទ​ចម្រៀង​គ្រប់​​បទសុទ្ឋតែជាចម្រៀងរបស់លោក កែវ សារ៉ាត់ តែម្តង ហើយពេលមកដល់ខេត្ត​មានការណែ នាំពីមិត្តភក្រ្តនិងគ្រូខ្លះៗតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយដោយសារខ្វះខាត ក្រោយពីបញ្ចប់ថ្នាក់អនុវិទ្យាល័យ នៅឆ្នាំ​២០០០នោះ លោកមិនបានបន្តសិក្សានៅថ្នាក់វិទ្យាល័យភ្លាមៗទេ គឺត្រូវវិលត្រលប់ទៅស្រុក​ជួយ​ធ្វើស្រែ​ចំ​ការ ជួយជីវភាពគ្រួសាររយៈពេល៣ឆ្នាំទៀត ទើបវិលត្រឡប់មករៀនរៀន ដោយ​ត្រូវបន្តមក សិក្សានៅវិទ្យាល័យព្រះសីហនុនៅក្នុងខេត្ត​កំពង់ចាម។ ក្រោយពីបញ្ចប់ថ្នាក់វិទ្យា​ល័យនៅឆ្នាំ២០០៤ ដោយសារចេះអក្សរខ្មែរ និងអក្សរអង់គ្លេសសមល្មម លោកក៏បានវិល​ត្រឡប់​ទៅ​ស្រុក ហើយបា​នចូលធ្វើការនៅអង្គការ Nomad RSI ដែលផ្សព្វផ្សាយពីសេវាកម្មសុខ​ភាពនិងជំងឺគ្រុនចាញ់ នៅខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០០៤ ផ្នែកបកប្រែពីភាសាអង់​គ្លេ​ស ទៅភាសាភ្នងនិងពីភាសាខ្មែរទៅព្នងផងដែរ។ លុះដល់ឆ្នាំ២០០៥ លោកបានក្លាយជាបុគ្គលិក​ពេញ​សិទ្ធិ និងបានចុះអប់រំពលរដ្ឋដល់សហគមន៍ផ្នែកសុខភាព។ ពីឆ្នាំ២០០៧ ដល់ ២០១១ លោកបាន​ក្លាយជា​ប្រធាន​គម្រោងអភិរក្សចំណេះដឹង និងថ្នាំបុរាណ តាមសហគមន៍​របស់ជន​ជាតិ​ព្នង។ នៅក្នុងតួនាទីប្រធានគម្រោងនេះ មួយឆ្នាំលោកត្រូវឡើងទៅប្រទេសបារាំង ឬ​ឥណ្ឌាម្តង ដើម្បីជួបម្ចាស់ជំនួយដែលបានផ្តល់ឥណទានដល់គម្រោងរបស់លោក​។ ការងារ​ជាប្រធានអង្គការ ​លោក​នៅតែអាចឆ្លៀតពេលវេ​លា ​ដើម្បីជួយដល់សហគមន៍ជនជាតិព្នង​ ដោយ​បានចូលរួមចំណែកជាមួយអង្គការ IP និងអង្គការ Nomad RSI ថតបទចម្រៀងអប់រំ​ជាភា សាព្នង ទាក់ទងនឹងការអភិរក្សព្រៃឈើ និងវប្បធម៌បានចំនួន៣០បទ។

គួជម្រាបថា ខណៈពេលដែលលោកកំពុងបំពេញការងារនៅអង្គការខាងលើនោះ លោកក៏ ឆ្លៀត ពេលរៀនបន្តថ្នាក់មហាវិទ្យាល័យជំនាញគ្រប់គ្រង នៅសកលវិទ្យាល័យបៀលប្រាយ នៅក្នុងក្រុងភ្នំពេញ ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ័នៅឆ្នា ២០០៨ផងដែរ។ ហើយបច្ចុប្បន្ន លោកក៏កំពុងបន្តសិក្សានៅថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបផងដែរ។ ទោះជា ធ្លាប់បំពេញការងារជាអ្នកសិល្បះនៅក្នុងអង្គការខាងលើ ប៉ុន្តែខណៈដែលលោកកំពុងសិក្សា នៅភ្នំពេញ គឺជីវភាពកំពុងជួបការខ្វះខាតនៅឡើយ ដោយត្រូវជួលផ្ទះគេស្នាក់នៅ ហើយនឹង កំពុងបំពេញការងារជាប្រធានរដ្ឋបាល នៅក្រុមហ៊ុនសំណង់មួយនៅក្នុងក្រុភ្នំពេញផងដែរ។

បើនិយាយពីក្តីស្រមៃរបស់លោក គឺចង់ក្លាយជាតារាចំរៀងអាជីពម្នាក់ ដែលមានឈ្មោះបោះ សម្លេង ដើម្បីស្វែងរកប្រាក់យកទៅអភិវឌ្ឍន៏សហគមន៏ជនជាតិដើមភាគតិច របស់លោក អោយមានការផ្លាស់ប្តូរជីវិត ផ្លាស់ប្តូរពីអ្នកធ្វើចំការវិលជុំ មកជាអ្នកអភិវឌ្ឍន៏ខ្លួនអោយស្រប តាមសង្គមជឿនលឿនបច្ចុប្បន្ន៕​

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here