អ្នកជំនាញបង្ហើបប្រាប់ពីមូលហេតុដែលបង្ករឱ្យមានរន្ទះបាញ់

0

ពីមួយឆ្នាំទៅមួយឆ្នាំនៅពេលរដូវវស្សាចូលមកដល់ គេសង្កេតឃើញថា ករណីរន្ទះបាញ់បានសម្លាប់មនុស្ស សត្វពាហនៈ និងបង្ករការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ បង្ករឱ្យមានការភ័យខ្លាចជាខ្លាំង។

ករណីនេះដែរ លោក អ៊ុំ រីណា អនុប្រធាននាយកដ្ឋានក្តាប់រួមឧត្តុនិយម នៃក្រសួងធនធានទឹក​បានថ្លែងថា រន្ទះមិនបាញ់សំដៅទៅលើធាតុមនុស្ស ធាតុទឹក ធាតុដី ឬមនុស្សមានជាតិ​ដែកអ្វី​នោះ​ទេ។ ​ដើមចមដែលនាំអោយមានរន្ទះបាញ់នោះ គឺដោយសារនៅពេលមេឃកំពុង​បង្អុល​ភ្លៀង ពពកបានចុះទាបរាយប៉ាសដេសដាសនៅលើផ្ទៃវាលបង្កើតជាបន្ទុកអគ្គិសនី ប៉ុន្តែ​នៅ​ពេល​ខ្លះបន្ទុកអគ្គិសនី​នោះខ្វះវាក៏បាញ់ទៅលើអ្វីមួយដើម្បីបង្គ្រប់បន្ទុកអគ្គិសនីរបស់វា។

ម្យ៉ាង​ទៀត​នៅពេលមេឃភ្លៀង តែងមានផ្គរផ្លេក​បន្ទោរ​ឬមាន​ខ្យល់​សើមជាដើម។ ខ្យល់សើមនេះ​ហើយ​ដែលដើរតួនាទីជាខ្សែចម្លង ឆ្លងពី​ផ្គរ​ទៅនឹងដើមឈើឬអ្វីដែលសើម បង្កើតបានជា​រន្ទះបា​ញ់​មិនមែន​សំដៅទៅលើមនុស្ស សត្វ ឬដើម​ឈើនោះទេ។ លោកបញ្ជាក់ថា «នៅទីវាលវាតែង​រក​ទី​ទួល​មួយ​ខ្ពស់សម្រាប់បាញ់ ដើម្បីបង្រ្គប់បន្ទុកអគ្គិសនី ជួនកាលនៅ​លើ​ផ្ទៃ​ទឹក​វា​បាញ់អ្នកនេសាទ នៅទី​វាល​បាញ់អ្នកដឹកគោ អ្នកភ្ជួរដី បាញ់ទៅលើខ្ទម ឬបាញ់ទៅលើដើម​ឈើនៅកណ្តាលវាល​ជាដើម ដូច្នេះហើយទើប​ចាស់ៗ​តែងនិយាយប្រាប់ថា ពេលមេឃភ្លៀង​កុំអោយ​​ជ្រកដើមឈើ ដែល​នៅដាច់ស្រយ៉ាល​តែ​ម្នាក់ឯងព្រោះខ្លាចរន្ទះបាញ់ត្រូវ»។

លោកថា​ពាក្យ ជំនឿ​មនុស្ស​ក្រយ៉ៅកំភួន​ជើង​ត្រូវរន្ទះ​បាញ់​នោះមិនពិតទេ តាមពិតរន្ទះបាញ់សំដៅទៅលើ​ទីទួលដែលខ្ពស់ មិនថាមនុស្សសត្វឬរុក្ខ​ជាតិ​នោះទេ។ រន្ទះក៏មិនមែនមានពីរប្រភេទ ដូចដែលពាក្យគេថា មាន​រន្ទះ​ទឹក​និងរន្ទះ​ភ្លើង​នោះទេ។ តាមចំណាំនៅពេលមនុស្សត្រូវ​រន្ទះ​បាញ់ចំ ខ្លះរោលខ្មៅ ពេល​ខ្លះទៀតបាញ់មិនចំស្លាប់នៅខ្លួន​ធម្មតា ដែលជាហេតុនាំអោយមានការយល់​ច្រលំ​ថា​រន្ទះ​ទឹក ឬរន្ទះភ្លើងនេះ តែតាមពៅទៅនៅ​ពេល​រន្ទះ​បាញ់ចំមនុស្សទើបខ្លួនមនុស្សរោលខ្មៅ ចំណែក អ្នកស្លាប់ខ្លួនធម្មតានោះគឺ​រន្ទះ​បាញ់​មិន​ចំតែបាញ់ត្រូវក្បែរខ្លួន។

លោកអំពាវនាវ ទៅដល់ប្រជាពលរដ្ឋទូទៅ ពិសេសកសិករនៅតាមជនបទ នៅពេល​មេឃ​ភ្លៀង សូមអោយប្រជាជនប្រុងប្រយ័ត្ន ត្រូវប្រញាប់រូសរាន់​ចូល​ផ្ទះសម្បែង កុំនៅហាលភ្លៀង​ខាងក្រៅ​ជៀសវាងរន្ទះបាញ់ដូច្នេះ ពិសេសកុំដាក់សម្ភារៈអេឡិចត្រូនិកនៅក្បែរខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here