Cellcard ឈ្នះជ័យលាភី ជាក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា

0

សែលកាត បានឈ្នះជ័យលាភីជាក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជាកាលពីពេលថ្មីៗនេះ ដោយសារបណ្ដាញសេវាអ៊ីនធើណិតល្បឿនលឿន 4G​ របស់ខ្លួន។ ជ័យលាភីនេះត្រូវបានប្រកាសដោយ International Data Group (IDG) ASEAN ក្នុងសន្និសីទ 4G នៅភ្នំពេញដោយមានការចូលរួមពីប្រតិភូទូទាំងកម្ពុជា និងក្នុងបណ្ដាប្រទេសក្នុងតំបន់ប្រមាណ 500 នាក់។

ជារៀងរាល់ឆ្នាំ IDG ASEAN តែងតែធ្វើការស្ទង់មតិទៅលើការពេញចិត្តចំពោះបណ្ដាញសេវាទូរស័ព្ទ ហើយប្រកាសលទ្ធផលក្នុងសន្និសីទប្រចាំឆ្នាំរបស់ខ្លួន។ ឆ្នាំនេះ ការស្ទង់មតិបានធ្វើឡើងទៅលើអ្នកប្រើប្រាស់ជាង 12000នាក់ ទូទាំងរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ លទ្ធផលពីការស្ទង់មតិទៅលើការពេញចិត្តរបស់អ្នកប្រើប្រាស់បានបង្ហាញថា សែលកាត ស្ថិតក្នុងលំដាប់ថ្នាក់ខ្ពស់ជាងគេលើសេវាគ្រប់ដណ្ដប់ និងរលកសំលេងច្បាស់។ សម្រាប់ការពេញចិត្តលើសេវាអ៊ីនធើណេតល្បឿនលឿន4G​ វិញសែលកាតស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតដោយសារបណ្ដាញសេវាអ៊ីនធើណេតគ្របដណ្ដប់ល្អមិនរអាក់រអួល ល្បឿនអ៊ីនធើណិតលឿន ល្បឿនអាប់ឡូតលឿន និងសេវាខ្លាំង។

នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក អៀន វ៉ាតសុន មានប្រសាសន៍ថា លទ្ធផលនៃការស្ទង់មតិនេះ បានបង្ហាញពីវឌ្ឍនភាពគួរជាទីមោទនៈមួយ ដែលឆ្លុះបញ្ចាំងពីការពេញចិត្ត របស់អតិថិជន និងទស្សនៈអំពីការប្រើប្រាស់បណ្ដាញទូរស័ព្ទរបស់យើង។ “ការស្ទង់មតិនេះត្រូវបានធ្វើឡើងពីខែមិថុនា 2016 ដល់ខែឧសភា 2017 ក្នុងអំឡុងពេលដែលយើងធ្វើការតំឡើងអង់តែន 4G បន្ថែម។” “ពីដំបូងយើងមានបណ្ដាញសេវា 4G ត្រឹមតែ 200​អង់តែនប៉ុណ្ណោះក្នុងឆ្នាំ2016 ហើយបច្ចុប្បន្ននេះយើងមានជាង 2000អង់តែន ដូច្នេះលទ្ធផលស្ទង់មតិដែលធ្វើឡើងតាំងពីមុនខែកុម្ភៈ មិនបានរួមបញ្ជូលពីការកែលំអរបណ្តាញសេវាដែលយើងមានក្នុងពេលបច្ចុប្បន្ននេះនៅឡើយទេ។ “ប៉ុន្តែយើងមិនបញ្ឈប់ត្រឹមនេះទេ យើងនឹងបន្ថែមបណ្ដាញសេវា 4G​អោយបានរហូតដល់ជាង3000អង់តែនថែមទៀតក្នុងពេលដ៏ខ្លីនេះ មិនតែប៉ុណ្ណោះយើងនឹងចាប់ផ្ដើមធ្វើការសាកល្បងសេវា 5G ក្នុងឆ្នាំនេះ។”

លោក វ៉ាតសុន បានបន្ថែមទៀតថា ឆាប់ៗនេះ សែលកាត នឹងប្រកាសពីសមិទ្ធផលជាច្រើនរបស់សែលកាតបន្ថែមទៀតដោយផ្អែកទៅលើទិន្នន័យប្រមូលបានពីស្ថាប័នបណ្ដាញសេវាអន្តរជាតិឯករាជ្យនានា។ “បច្ចុប្បន្ន សែលកាត បានក្លាយជាបណ្ដាញសេវាគ្របដណ្ដប់ធំបំផុត លឿនបំផុត និងជាទីទុកចិត្តបំផុតនៅកម្ពុជា ហើយការខិតខំប្រឹងប្រែងវិនិយោគរបស់យើងទៅលើបណ្ដាញសេវានេះ កំពុងចាប់ផ្ដើមបង្ហាញឲ្យឃើញពីអត្ថប្រយោជន៍ពិតប្រាកដសម្រាប់អតិថិជនរបស់យើងហើយ។” “យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកម្ពុជាទាំងមូលដែលបានគាំទ្រ ព្រមទាំងផ្ដល់ទំនុកចិត្តមកលើ សែលកាត។” “យើងនៅតែប្ដេជ្ញាយ៉ាងមោះមុតចំពោះអតិថិជនរបស់យើង ក្នុងការផ្ដល់ជូននូវសេវាអ៊ីនធើណិតក្នុងតម្លៃសមរម្យបំផុត ព្រមទាំងផ្ដល់នូវអត្ថប្រយោជន៍ និងបណ្ដាញសេវាគុណភាពល្អបំផុត សម្រាប់ប្រជាជនកម្ពុជាទាំងមូល៕”

LEAVE A REPLY

Please enter your comment!
Please enter your name here