សុភាពនារីទាំងឡាយ មានដឹងទេថា តិចនិចនិយាយឱ្យគូស្នេហ៍ព្រមស្ដាប់គួរធ្វើបែបណា ?

0

 

សុភាពនារីទាំងឡាយធ្លាប់នឹកឆ្ងល់ខ្លះទេថា ពេលយើងចង់និយាយអ្វីមួយជាមួយគូស្នេហ៍ តែហេតុម៉េចបានជាគេហាក់ដូចជាមិនសូវចង់ស្តាប់រឿងដែលយើងចង់និយាយនោះ ឬធ្វើឬកជាតាំងចិត្តស្តាប់ តែការពិតវិញ គេបែរជាលួចនឹកទៅរឿងឯណាផ្សេងទៅវិញ រហូតធ្វើឲ្យនារីជាច្រើនមានអារម្មណ៍ធុញទ្រាន់រអាចំពោះទង្វើបែបនេះរបស់គូស្នេហ៍ ឬស្វាមី ជាខ្លាំង ។ បើអ្នកណាដែលកំពុងធ្លាក់ក្នុងស្ថានការណ៍បែបនេះ សូមកុំអាលឆេវឆាវ ចូរនាំគ្នាមកមើលគន្លឹះល្អៗក្នុងការនិយាយឲ្យពួកគាត់តាំងចិត្តស្តាប់វិញម្តងប្រសើរជាង ។

និយាយចំៗ ត្រង់ៗ៖ មូលហេតុមួយដែលធ្វើឱ្យរសៗមិនសូវចូលចិត្តស្តាប់នារីៗនិយាយនោះ ព្រោះនារីៗច្រើនតែនិយាយកាច់កុងហូរហែបូបាច់ច្រើនពេក ឬអ្នកខ្លះទៀតនិយាយត្រឡប់ត្រឡិនរហូតមិនដឹងថាចង់និយាយអំពីស្អីក៏មានដែរ ដូច្នេះបើអ្នកមានអ្វីនៅក្នុងចិត្ត គួរតែនិយាយចេញមកឱ្យត្រង់ៗ ឬនិយាយចូលសាច់រឿងតែម្តងទៅ ។

និយាយតែរឿងដែលគេចាប់អារម្មណ៍៖ នារីភាគច្រើន ៗចូលចិត្តនិយាយតែរឿងរបស់ខ្លួនឯង ឬមិនទេក៏និយាយតែរឿងដែលខ្លួនឯងចាប់អារម្មណ៍ ដូចជា រឿងតារា ម៉ូដខោអាវ និងរឿងតុបតែងខ្លួន ដែលរឿងពួកនេះ បុរសៗមិនសូវជាយល់ប៉ុន្មានទេ ខ្លាំងណាស់ក៏បានត្រឹមតែអង្គុយងក់ក្បាលតាមសំដីរបស់អ្នកប៉ុណ្ណោះ ដូច្នេះ អ្នកគួរតែបបួលគេនិយាយក្នុងរឿងដែលគេជំនាញ និងចាប់អារម្មណ៍ខ្លះដូចជារឿង តិចណូឡូជី ឡាន ហ្គេម បាល់ទាត់ – ល – ហើយនារីណាដែលអាចនិយាយជជែកក្នុងរឿងទាំងអស់នេះបាន គឺជានារីដែលមើលទៅមានមន្តស្នេហ៍ និងគួរឱ្យ​ជជែកលេងជាមួយខ្លាំងណាស់ ។

និយាយឲ្យត្រូវពេលត្រូវវេលា៖ ជួនកាលដែលបុរសមិនស្តាប់នូវអ្វីដែលអ្នកនិយាយនោះ មិនមែនមកពីគេមិនចាប់អារម្មណ៍នោះទេ អាចដោយសារតែពេលនោះគេកំពុងតែមានរឿងពិបាកចិត្ត ឬស្ថិតនៅក្នុងអារម្មណ៍ដែលចង់នៅស្ងាត់ៗតែម្នាក់ឯង ដូច្នេះបើអ្នកត្រូវការពិភាក្សា និងជជែកជាមួយគេបែបច្បាស់លាស់នោះ អ្នកគួរតែចេះជ្រើសរើសរកពេលណាដែលគេស្ថិតក្នុងអារម្មណ៍ធម្មតាទើបជាការប្រសើរជាង ព្រោះវាជាពេលដែលគេព្រមទទួល និងតាំងចិត្តស្តាប់អ្នកខ្លាំងបំផុត ។

អធិប្បាយពីហេតុផល៖ ក្នុងករណីយដែលគេមិនចាប់អារម្មណ៍ ឬមិនព្រមទទួលស្តាប់នូវអ្វីដែលអ្នកនិយាយ អ្នកគួរតែអធិប្បាយ ឬសម្តែងពីអារម្មណ៍របស់អ្នកចេញទៅថា ពេលនេះអ្នកកំពុងតែមានអារម្មណ៍ ឬកំពុងតែគិតពីអ្វី ដូចជា មានអារម្មណ៍កង្វល់សោកស្តាយ ឬព្រួយបារម្ភអំពីគេខ្លាំងប៉ុនណា ហើយសឹមនិយាយចូលសាច់រឿង ដើម្បីឱ្យគេបានយល់ពីអារម្មណ៍ និងបើកចិត្តទទួលស្តាប់ពាក្យសម្ដីរបស់អ្នកកាន់តែខ្លាំងឡើង ។

អរគុណដែលគេព្រមទទួលស្តាប់៖ មើលទៅវាអាចដូចជារឿងចម្លែកបន្តិចហើយដែលត្រូវអរគុណគូស្នេហ៍ ឬស្វាមី បន្ទាប់ពីគេព្រមទទួលស្តាប់រឿងរ៉ាវរបស់អ្នកនោះ តែនៅក្នុងការពិតវិញ រឿងតូចតាចកំប៉ិកកំប៉ុកបែបនេះអាចជួយឱ្យគេមានអារម្មណ៍ល្អ និងថែមទាំងជាការសម្តែងឲ្យគេបានដឹងដែរថា គេមិនមែនត្រឹមតែជាកន្លែងសំរាប់ទម្លាយអារម្មណ៍របស់អ្នកប៉ុណ្ណោះទេ តែគេជាមនុស្សដ៏សំខាន់ម្នាក់របស់អ្នកដែលចាំផ្តល់នូវពាក្យណែនាំ និងជាអ្នកដែលចាំផ្តល់នូវកម្លាំងចិត្តដល់អ្នកជានិច្ច ។

សូមសាកល្បងនាំវិធីខាងលើនេះទៅអនុវត្តសាក-ល-មើល ធានាថា ចាប់ពីពេលនេះទៅ ជីវិតគូរបស់អ្នកនឹងប្រកបទៅដោយការ​យល់​ចិត្តយល់​ថ្លើមគ្នា រស់នៅដោយភាពជឿជាក់លើគ្នាទៅវិញទៅមក និងមិនអាចអត់គ្នាបានប្រកបដោយសុភមង្គលមិនខាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here